ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព!
ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារនីតិកម្មក្នុងការបែងចែកការទទួលខុសត្រូវ
និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា
គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ ប្រកបដោយនិរន្តរភាព
គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។
ឯកឧត្តមអភិសន្តិបណ្ឌិត
ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃការកសាងច្បាប់
និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោក ដើម្បីជាប្រយោជន៍រួម
ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម
សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់និងធ្វើបច្ចុប្បន្នភាពច្បាប់
ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។
គួរកត់សម្គាល់ថា
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធាន ១រូប មានឋានៈ
និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ
និងបុព្វសិទ្ធិស្មើអគ្គនាយក ជាជំនួយការ
ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម
មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន
នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្ម មានតួនាទីសំខាន់
ដូចជា ៖ សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ
ក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់
លិខិតបទដ្ឋានគតិយុត្ត
និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ
នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន
និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាងបញ្ជីផែនការច្បាប់
និងលិខិតបទដ្ឋានគតិយុត្តនានា ជាដើម។
សូមបញ្ជាក់ថា
ក្រុមប្រឹក្សានីតិកម្ម មានអង្គភាពចំណុះ ចំនួន ៥ រួមមាន ៖ ១.
នាយកដ្ឋានរដ្ឋបាលសរុប ២.
ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣.
ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤.
ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥.
ក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន
ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយឯកឧត្តម ហ៊ន យុវនា
ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្ម ចាប់ពីឆ្នាំ២០២២
អមដោយអនុប្រធាន ៣០រូប និងសមាជិក ៣៨រូប៕













Post a Comment