ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង
ពីវេទិកាអធិបតី
នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល
នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា
ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានបន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាព
ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ
ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត
ឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ
គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
និងគោលនយោបាយផ្តល់សារៈសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង
និងបច្ចេកវិទ្យាឌីជីថល។
ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល បានផ្ទេរសិទ្ធិអំណាច តួនាទី
ភារកិច្ច និងមុខងារជាច្រើន
ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្ដមអភិសន្តិបណ្ឌិត
បានគូសបញ្ជាក់ថា កិច្ចការដ៏មានសារៈសំខាន់នេះ
ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម
ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្ត
ទទួលខុសត្រូវ ទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា
នឹងខិតខំបន្តទទួលខុសត្រូវលើការងារដឹកនាំ
ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ បន្តពីលោកជំទាវមិថុនា
ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន។
ក្នុងឱកាសនោះ
លោកជំទាវ មិថុនា ភូថង អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង
បានគូសបញ្ជាក់នូវសមិទ្ធផលដែលរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ
ក្នុងរយៈពេលកន្លងមក សម្រេចបានជាច្រើន
ជាពិសេសការចូលរួមចំណែកការពារសុខសន្តិភាព ការផ្តល់សេវារដ្ឋបាល
ការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ
និងការកសាងសមិទ្ធផលរូបវន្តជាច្រើន។
លោកជំទាវអភិបាលខេត្ត
ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមគាំទ្ររបស់មន្ត្រីគ្រប់ថ្នាក់
គ្រប់ផ្នែក ចំណុះរដ្ឋបាលខេត្ត និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ
ដែលជាលក្ខខណ្ឌសំខាន់សម្រាប់ការឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតរបស់រដ្ឋបាលខេត្ត។
លោកជំទាវ ក៏បានទទូចឱ្យបន្តផ្តល់ការគាំទ្រលោកជំទាវអភិបាលខេត្តថ្មី
ដើម្បីឱ្យលោកជំទាវ កាន់តែមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍខេត្តកោះកុង
ឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព។
លោកជំទាវ ឈី វ៉ា
អភិបាល នៃគណៈ អភិបាលខេត្តកោះកុង
បានថ្លែងអំណរព្រះរាជគុណព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង
ដែលបានចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង
និងគោរពថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកជំទាវ
ក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ ចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ
បន្តផ្តល់ការគាំទ្រ ចូលរួមជាមួយលោកជំទាវ ដើម្បីរួមគ្នាសម្រេចបាននូវវឌ្ឍនភាព
បន្ថែមទៀតជូនខេត្តកោះកុង។
គួរកត់សម្គាល់ថា ក្នុងឱកាសថ្លែងសន្ទរកថា
នាពិធីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានណែនាំរដ្ឋបាលខេត្តកោះកុង
រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តកោះកុង និយាយដោយឡែក
និងជារួមនៅទូទាំងប្រទេស
ត្រូវបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសំខាន់ៗជាអាទិ៍ បញ្ហាគ្រឿងញៀន
បញ្ហាក្មេងទំនើង ដែលជាបញ្ហាកំពុងកើតមានជារៀងរាល់ថ្ងៃ
និងជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់
អនុវត្តឱ្យបានសកម្ម និងខ្លាំងក្លា
ដើម្បីប្រែក្លាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ដែលបាននិយាយទាំងពីបញ្ហាគ្រឿងញៀន ក្មេងទំនើង និងលក្ខណសម្បត្តិផ្សេងៗទៀត សរុប
៧ចំណុច ឱ្យក្លាយទៅជាសមិទ្ធផលជាក់ស្ដែង៕














Post a Comment