ទឹកជំនន់នៅបាត់ដំបង ប៉ះពាល់ផ្ទះជាង ៣៦,០០០ ខ្នង និង ដំណាំស្រូវជិត ៩៣,០០០ ហិតា
របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បង្ហាញថា គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុក ទាំង ១៤ និង ឃុំ-សង្កាត់ ចំនួន ៨១ នៅទូទាំងខេត្ត ដោយប៉ះពាល់លំនៅឋាន ផលដំណាំ និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។


តាមរបាយការណ៍ លំនៅឋានប្រជាពលរដ្ឋជាង ៣៦,០០០ ខ្នង ត្រូវបានទឹកជំនន់លិចលង់ ស្មើនឹងប្រមាណ ៤៣,៦០០ គ្រួសារ។ ក្នុងនោះ ប្រជាពលរដ្ឋប្រមាណ ១១,០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈមានអ្នករងរបួសចំនួន ៣ នាក់។


ចំពោះវិស័យកសិកម្ម ទឹកជំនន់ បានលិចផ្ទៃដីដាំដំណាំស្រូវប្រមាណ ៩២,៧០០ ហិតា ក្នុងនោះ ស្រូវទុំមានប្រមាណ ១៤,៤០០ ហិតា និង ដំណាំរួមផ្សំប្រមាណ ១៤,៧០០ ហិតា។ អាជ្ញាធរ រំពឹងថា ដំណាំមួយចំនួន អាចស្តារឡើងវិញបាននៅរដូវប្រាំងខាងមុខ។


ហេដ្ឋារចនាសម្ព័ន្ធក៏រងការខូចខាតយ៉ាងច្រើនផងដែរ ដោយផ្លូវកៅស៊ូ ផ្លូវដីក្រហម ផ្លូវដី និង ផ្លូវបេតុង សរុបជាង ១,០០០ គីឡូម៉ែត្រ រងការខូចខាត។ ក្រៅពីនេះ ប្រឡាយមេប្រវែង ១៦៧ គីឡូម៉ែត្រ សាលារៀន ១២៥ ខ្នង វត្តអារាម ៦៨ កន្លែង សាលាឃុំ ១១ កន្លែង ប៉ុស្តិ៍នគរបាល ៦ កន្លែង និង មណ្ឌលសុខភាព ១១ កន្លែង ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ទោះជាយ៉ាងណា មណ្ឌលសុខភាពទាំងនេះ នៅតែបន្តបើកដំណើរការ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។


លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់កម្ពុជាថ្មីកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ ថា គិតត្រឹមម៉ោង ៧ ព្រឹក កម្រិតទឹកនៅស្ទឹងសង្កែមានកម្ពស់ប្រមាណ ១៣.៨០ ម៉ែត្រ ហើយ។ លោកបញ្ជាក់ថា តំបន់មួយចំនួនដែលស្ថិតនៅតាមដងស្ទឹងសង្កែ កំពុងមានទឹកស្រកជាបណ្តើរៗ៕
Post a Comment