ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានដឹកនាំ ប្រតិភូ វិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៧០ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានដឹកនាំ ប្រតិភូ វិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមកពីអង្គការ-សមាគម និងវិស័យឯកជន ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅមណ្ឌបតម្កល់ព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានសោយទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment