ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូសហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសខួបនៃការយាងសោយព្រះទិវង្គត

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា  បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ។

ក្នុងពិធីប្រកបដោយកតញ្ញូកតវេទិតាធម៌នេះ ឧកញ៉ា តែ តាំងប៉ រួមជាមួយប្រតិភូអមដំណើរ បានសម្តែងនូវការចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងការលះបង់ដ៏ធំធេងរបស់ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ព្រមទាំងការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរួមចិត្តគំនិតគ្នាបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានយាងទៅបដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕














Powered by Blogger.